ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​និង​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា​!!!

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​និង​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា​!!!

ភ្នំពេញ ៖ ចេញផ្សាយ​ថ្ងៃ​ទី​០៤​ខែ​ធ្នូ​ឆ្នាំ​២០១៨
​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ចាត់ទុកថា ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍​នៅតែ​ដើរ​តួនាទី យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា ខណៈ មាន​ការផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងបន្លំ ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គម​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​របស់​ស្ថានីយ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការកកើត​ឡើង​នូវ​បណ្ដាញ​ទំនាក់ទំនង​បណ្ដាញ​សង្គម ការងារ​វិទ្យុ ទូរទស្សន៍ និង​កាសែត​បោះពុម្ព​គឺ​សុទ្ធ​តែ​ប្រឈមមុខ​នឹង​សភាពការណ៍​ថ្មីៗ ខណៈពេល​ដែល​មនុស្ស​ជាច្រើន​ត្រូវការ​មើល​ព័ត៌មាន ដែល​អាច​មើល​តាម​ហ្វេ​សប៊ុក ឬ​តាម​យូ​ធូប បាន​គ្រប់​ផ្នែក​ទាំងអស់​នោះ​។

​ប៉ុន្ដែ​បរិបទ​នៅ​កម្ពុជា​នា​ពេល​នេះ មិនមែន​ជា​បញ្ហា​ដូច នៅ បណ្ដា​ប្រទេស​អឺរ៉ុប​នោះទេ គឺ​បញ្ហា​ធំ​បំផុត​គឺ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​នូវ សំណូមពរ និង​ការ​ចង់ដឹង​អំពី​ព័ត៌មាន​ពិត​។ ឯកឧត្ដម​បានបញ្ជាក់​ថា វិទ្យុ ទូរទស្សន៍​នៅ​តែ​ដើរតួនាទី​យ៉ាង​សំខាន់ និង​អាច​ដំណើរការបាន ប្រសិន​បើ​បន្ដ​ខិតខំ​ប្រឹងប្រែង ផ្ដោតទៅលើ ដំណឹង​បច្ចុប្បន្នភាព​ដែល​កើតឡើង​ភ្លាមៗ បន្ទាប់មក​គឺ​ការផលិត​កម្ម​វិធី​សិល្បៈ​ដែល​កំពុងតែ​មាន​តម្រូវការ​សម្រាប់​មនុស្ស​គ្រប់រូប​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បន្ដថា ការងារ​របស់​វិទ្យុ គឺ​ផ្ដោត​សំខាន់​ក្នុង​ការឆ្លើយតប និង​ធ្វើ​ការពន្យល់​រាល់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​មិន​ពិត ឬ​ព័ត៌មាន​ដែល​ក្លែងបន្លំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ព័ត៌មាន​ពិត និង​ឆ្លើយតបបាន​ទាន់​ពេលវេលា​នូវ​រាល់​សភាពការណ៍​ដែល​កើតឡើង​នៅក្នុង​សង្គម​។​

​ឯកឧត្តម​បាន​បន្ដទៀតថា បច្ចុប្បន្ននេះ វិទ្យុជាតិ​បាន​ដើរ​តួនាទី​សំខាន់​ណាស់ ក្នុងការ ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស មិន​ថា នៅ​កន្លែង​ណា ឬ​ទីណា​ក៏​អាច​ស្ដាប់ បាន ការផ្សាយ​របស់​វិទ្យុ​អាច​ស្ដាប់​បាន​គ្រប់ពេលវេលា ហើយ​បើ​មាន​ព័ត៌មាន ត្រូវ​ចេះ​ជួយ គ្នា​ទៅវិញទៅមក ប្រទាក់ប្រឡា​គ្នា​ក្នុង​ការផ្សព្វផ្សាយ​ឆ្លើយតប និង​ពន្យល់​ឱ្យ​បាន​លឿន ប្រាប់ ទៅ​សាធារណជន ដូចជា​វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ និង​ទស្សនាវដ្ដី ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​។​

ជាមួយគ្នានេះ ក្រុមប្រឆាំង​ចាប់ផ្ដើម​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​ជា​បណ្ដើរៗ តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ បង្កើត​ពាក្យ​អា​ចាម​រ៉ា​ម ការមូល​បង្កាច់​បន្លំ​សភាពការណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ជាពិសេស​វិទ្យុ​ត្រូវ​ធ្វើ​ការពន្យល់ និង​ផ្សព្វផ្សាយ​ដោយ​ឈរ​លើ​ភស្ដុតាង តួលេខ​ត្រឹមត្រូវ និង​ស្រង់​សំដី​ពី​អ្នក ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​នី​មួយៗ ដើម្បី​ឱ្យ​ប្រជាជន​កាន់តែ​យល់ច្បាស់​ពី​សភាពការណ៍​ដែល បាន​កើតឡើង​។​

​ឯកឧត្តម​បាន​ណែនាំ​ដល់​គ្រប់​វិទ្យុ​ទាំងអស់ នៅ​រាជធានី ខេត្ដ ត្រូវ​ធ្វើ​ការងារ​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​បណ្ដាញ​ព័ត៌មាន ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​លឿន ឆាប់រហ័ស ប៉ុន្ដែ​ត្រូវមាន​ប្រភព​ច្បាស់​លាស់ ដើម្បី​ធានា និង​ការផ្ដល់​នូវ​ទំនុកចិត្ដ​សម្រាប់​ប្រព័​ន្ធ ផ្សព្វផ្សាយ​របស់​រដ្ឋ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​អះអាងថា គោលដៅ​ដែល​ក្រសួង​ព័ត៌មាន​បង្កើត​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦​នេះ​គឺ​ផ្ដោត​ទៅលើ​គោលដៅ​ចំនួន​ពីរ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ និង​យុវជន ជាពិសេស ការផ្សព្វផ្សាយ​អំពី​ច្បាប់​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ជូន​ដំណឹង​ដល់​ជនបរទេស ដែល​កំពុងតែ​ធ្វើ​ការវិនិយោគ និង​មានបំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម តូច សារ៉េត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦ បានឱ្យដឹងថា វិទ្យុ​អេ​ហ្វ​អឹម​៩៦​នេះ​បាន​ផលិត​កម្មវិធី​ផ្សាយ​ផ្ដោត​សំខាន់​ទៅលើ​យុវជន និង វិស័យ​ទេសចរណ៍ ការអប់រំ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ផលប៉ះពាល់ នៃ​ការ ប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង បញ្ហា​ចរាចរណ៍ និង​សុវត្ថិភាព​ក្នុងសង្គម ការអប់រំ សិល្បៈ​វប្បធម៌ សុខាភិបាល កសិកម្ម ព្រមទាំង​ផ្សាយ​ជា​ភាសា​អង់គ្លេស ចិន វៀតណាម និង​ភាសា​ចាម​។​(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”  ខ្មែរ​អច្ឆរិយ​:” http:// www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com