ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កត្តា​សំខាន់ៗ​បាន​ទាក់ទាញ​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​មក​ចាប់អារម្មណ៍​ទស្សនា​កំសាន្ត​សប្បាយ​នៅ​ខេត្ត​មណ្ឌលគិរី កាន់តែ​មាន​កំនើន​ខ្លាំង​នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​!!!

កត្តា​សំខាន់ៗ​បាន​ទាក់ទាញ​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​មក​ចាប់អារម្មណ៍​ទស្សនា​កំសាន្ត​សប្បាយ​នៅ​ខេត្ត​មណ្ឌលគិរី កាន់តែ​មាន​កំនើន​ខ្លាំង​នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​!!!

ចេញផ្សាយ​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្ត​មណ្ឌលគិរី ៖ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចាប់ផ្តើម​មក​ទស្សនា​កម្សាន្ត​សប្បាយ នៅ​ខេត្ត​មណ្ឌលគិរី មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក រយៈពេល​៣​ថ្ងៃ ក្នុង​ឆ្នាំ​២០១៨ ខេត្ត​មណ្ឌលគិរី ទទួលបាន​ភ្ញៀវទេសចរ​ជាង​២​ម៉ឺន​នាក់ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​តាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក ងិន សុ​វិមាន បាន​ឱ្យ​សារព័ត៌មាន​និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:)​បានដឹងថា នៅ​ខេត្ត​មណ្ឌលគិរី​នាពេល​បច្ចុប្បន្ន​យើង​នេះ​មាន កត្តា​៦​យ៉ាង ដែល​ធ្វើឱ្យ​មាន​លំហូរ​ចូល​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ អញ្ជើញ​មក​ទស្សនា​កំសាន្ត​នៅ​ខេត្ត​មណ្ឌលគិរី នា​ឱកាស​ពិធី​បុណ្យ​ធំៗ ជាពិសេស នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុង​ឆ្នាំ​២០១៨​នេះ​ដោយសារ​៖

ទី​១. កត្តា​សក្តានុពល​ទេសចរណ៍ រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អាច​ទ្រទ្រង់​ភ្ញៀវទេសចរ និង​មាន​តំបន់​រមណីយដ្ឋាន​ជាច្រើន​កន្លែង ជាពិសេស រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​កំសាន្ត​ច្រើនជាងគេ ។​

​ទី​២. មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ធ្វើការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​នូវ​ស​កត្តា​នុព​ល​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត ជូន​ដល់​គ្រប់​មជ្ឍដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ។​

​ទី​៣. កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ បាន​ត​ភ្ជាប់​ពី​ស្រុក​ស្នូល​ខេត្ត​ក្រចេះ ខេត្ត​រតនគិរី មក​ខេត្ត​មណ្ឌលគិរី មាន​ភាពងាយស្រួល​។​

​ទី​៤ កត្តា អាកាសធាតុ​ត្រជាក់ លើ​ភ្នំ​គ្រប់​ដណ្តប់​ដោយ​វាលស្មៅ ជ្រោះ​ជ្រលង​ដងអូរ និង​មាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។

​ទី​៥ កត្តា សន្តិសុខ​សុវត្ថិភាព​ល្អ​ប្រសើរ​។

​ទី​៦ កត្តា​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​កត្តា​ទាំងនេះ ទើប​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មណ្ឌលគិរី មាន​ការរីកចម្រើន ជាពិសេស បាន​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ពីរ​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​លោក​បាន​បន្ថែមទៀតថា ជាក់ស្តែង ក្នុង​រយៈពេល​៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក មាន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ក្នុង​ខេត្ត​មណ្ឌលគិរី សរុប​២២.៦៤១​នាក់ ក្នុងនោះ ទេសចរ​ជាតិ​ចំនួន ២២.២៣៣​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​៤០៨​នាក់​។

​បើ​ប្រៀបធៀប​នឹង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៧ សរុប​ចំនួន ១៣.៧៧២​នាក់ ក្នុងនោះ​ទេសចរ​ជាតិ ១៣.៤៧៦​នាក់ ទេសចរ​អន្តរជាតិ ២៩៦​នាក់ កើន​សរុប ៦៤,៣៩% ទេសចរ​ជាតិ​កើន ៦៤,៩៨​នាក់ ទេសចរ​អន្តរជាតិ​កើន ៣៧,៨៣%​។

​លោក ងិន សុ​វិមាន បាន​បន្តទៀតថា ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​ច្រើន​ដែល​ធ្វើ​ឱ្យ​ចំនួន​បន្ទប់​នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ មិន​គ្រប់គ្រាន់ រហូត​ដល់​ភ្ញៀវ​មួយចំនួន បាននាំគ្នា​បោះតង់ សម្រាក​នៅ​តាម​ភ្នំ​វាលស្មៅ និង​តាម​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។ ហើយ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ម្ហូបអាហារ​នៅ​តាម​រមណីយដ្ឋាន ស​ណ្ឋ​គារ ផ្ទះសំណាក់ អាជីវករ​មាន​ការតំឡើង​ថ្លៃ​តិចតួច ដែល​អាច​ឱ្យ​ភ្ញៀវ​ទទួលយកបាន​។​

​ទទឹម​នឹង​នេះដែរ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​អំពាវនាវ ដល់​អាជីវករ និង​អ្នកវិនិយោគ​លើ​វិស័យ​អេកូ​ទេសចរណ៍​ទាំងអស់ ឱ្យ​ចូលរួម​វិនិយោគ​លើ​តំបន់​ទេសចរណ៍​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​ខេត្ត​មណ្ឌលគិរី មាន​រមណីយដ្ឋាន​តំបន់​ទេសចរ​ជាច្រើន​កន្លែង ប៉ុន្តែ​មិន​ទាន់​ធ្វើ​ការវិនិយោគ​។

​ជាងនេះទៅទៀត លោក ងិន សុ​វិមាន លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ណែនាំ​ដល់​អាជីវករ​ទាំងអស់ ត្រូវខិតខំ​កែលំអរ​សេវាកម្ម​នៅ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ធ្វើយ៉ាងណា​ឱ្យមាន​អនាម័យ តម្លៃ​សមរម្យ ហើយ​ក៏​សូមឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ដែល​មក​ទស្សនា​កំសាន្ត​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​ចូលរួម​សំអាត​អនាម័យ ព្រោះ​បរិស្ថាន​ស្អាត ផ្តើមចេញេ​ពី​យើង​ទាំងអស់គ្នា​។​

(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com