ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ជប៉ុន​នឹង​ផ្តល់​ឳ​កាស​ការងារ​ដល់​យុវជន​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅ​ប្រទេស​ជប៉ុន

​ជប៉ុន​នឹង​ផ្តល់​ឳ​កាស​ការងារ​ដល់​យុវជន​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅ​ប្រទេស​ជប៉ុន

នា​ទីស្តីការក្រសួង រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុញ្ញាតឲ្យ​លោក Yohei Shibasaki នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fourth Valley Concierge ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​ក្នុង​ការផ្តល់ ឳ​កាស​ការងារ​ដល់​យុវជន សិស្ស​និស្សិត​នៅតាម​បណ្តាល​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​មាន​ឳ​កាស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លើកឡើង​ថា​គោលបំណង​ដែល​រូបលោក និង​ក្រុមការងារ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​នាពេលនេះ គឺ​ដើម្បី​សុំ​កិច្ច​គាំទ្រ​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ ដើម្បី​បើក​ការិយាល័យ​ក្រុមហ៊ុន​នៅ​កម្ពុជា ក្នុង​ការបណ្តុះបណ្តាល​យុវជន​កម្ពុជា មុននឹង​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។ លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុន​របស់​លោកមា​ន​បទពិសោធន៍​១០​ឆ្នាំ​មកហើយ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ទទួលបាន​ជោគជ័យ​ជាខ្លាំង ។ លោក​ថា បច្ចុប្បន្ននេះ​យុវជន​កម្ពុជា​ក៏​មាន​សមត្ថភាព​ដូច​យុវជន​ដទៃទៀត​នៅតាម​បណ្តាល​ប្រទេស​មួយចំនួន​ដែរ ដែល​ទទួលបាន​ឳ​កាស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។​

​ឆ្លើយតប​ទៅនឹង​គោលបំណង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី រីករាយ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​សំណើ​នេះ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើ​ដល់​ក្រុមហ៊ុន ត្រូវ​រៀបចំ​ឯកសារ​តាម​នីតិវិធី​ដែល​តម្រូវ​ទៅតាម​ច្បាប់​ជា​មុន​សិន​។
​ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​រីករាយ និង​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ ជាមួយ​រដ្ឋាភិបាល​ជប៉ុន ដែល​មក​ដល់ពេលនេះ​កម្ពុជា​មាន​ក្រុមហ៊ុន​សហគ្រាស​ជាច្រើន របស់​ជប៉ុន ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។ រីឯ​ខាង​ផ្នែក​វិស័យ​ការងារ​វិញ កម្ពុជា​ក៏​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើការ​នៅ​ជប៉ុន​ក៏​ច្រើន​ដែរ មកដល់ពេលនេះ​កម្មសិក្សាការី​កម្ពុជា​មាន​ប្រហែល​ជាង​៨​ពាន់​នាក់​កំពុង​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ ដែល​នៅ​ជប៉ុន​មាន​កម្លាំង​ពលកម្ម​ច្រើន​ទាក់ទង​ទៅ​នឹង​ឧស្សាហកម្ម កសិកម្ម សេវាកម្ម និង​ថែទាំ​មនុស្ស​ចាស់​ជាដើម​។

​បើ​តាម​ការបញ្ជាក់ ពី​ឯកឧត្តម ងុ​យ រិទ្ធ នាយករង​ខុដ្ឋកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី​បានឲ្យដឹងថា ក្រុមហ៊ុន​នេះ នឹង​រៀបចំ​ដំណើរការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដល់​និស្សិត​វ័យក្មេង ទទួលបាន​ឳ​កាស​ទៅ​ធ្វើការ​នៅ​ជប៉ុន​ជាមួយនឹង​ក្រុមហ៊ុន​​ល្បីៗ​ដូចជា​ក្រុមហ៊ុន​SONY ក្រុមហ៊ុន​PANASONIC ក្រុមហ៊ុន​HONDA  និង ក្រុមហ៊ុន​TOYOTA​ជាដើម​។ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​ឳ​កាស​ទៅដល់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ពង្រីក​ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ដែរ​ហើយ​។​

​ឯកឧត្តម ងុ​យ រិទ្ធ បញ្ជាក់ថា យុវជន និស្សិត​កម្ពុជា នឹង​ទទួលបាន​នូវ​ឳ​កាសចេញ​ទៅ​ធ្វើការ​នៅ​ជប៉ុន  ជាមួយ​ក្រុមហ៊ុន​ធំៗ រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​។ នេះ​ជា​ឳ​កាស​ដែល​យើង​មិន​ធ្លាប់​មាន​ពីមុន ដែល​ពីមុន​កម្ពុជា​បញ្ជូន​ត្រឹម​ជា​សិក្ខាកាម ឬ​ជា​អ្នក​ហាត់​ការ​ទេ មិនទាន់​បាន​ទទួល​ទិដ្ឋ​ការការងារ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ផ្តល់​ឳ​កាស​ឲ្យ​យុវជន​កម្ពុជា​ទទួលបាន​នូវ​ទិដ្ឋ​ការការងារ​តែម្តង ធ្វើការ​បាន​រហូត​ពី​៥​ទៅ​១០​ឆ្នាំ​ឯណោះ​។ ពេល​ដែល​យុវជន​កម្ពុជា​​បាន​ទៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ល្បីៗ ពួកគេ​នឹង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ខណៈ​បាន​វិលត្រឡប់​មក​បម្រើ​ការងា​រ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នៅក្នុង​ប្រទេស​ជាតិ​វិញ ដែល​ជា​ប្រភព​ធនធានមនុស្ស​ដ៏​សំខាន់​ចាំបាច់​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com