ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បរិស្ថាន​ស្អាត ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា «​អ្នក​ស្អាត ខ្ញុំ​ស្អាត »

បរិស្ថាន​ស្អាត ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា  «​អ្នក​ស្អាត ខ្ញុំ​ស្អាត »

​មណ្ឌលគិរី ៖ តំបន់ការពារធម្មជាតិ និង​ទេសភាព​របស់​យើង​ក៏​ស្អាត​ជា​និច្ច​, នេះ​ជា​ការលើកឡើង​របស់​អ្នក​ស្រឡាញ់​បរិស្ថាន​។ ការ​ថ្លែង​បែបនេះ​នៅ​គ្រា​ដែល​មន្ត្រី​ឧទ្យានុ​រក្ស និង​អាជ្ញាធរ​មូលដ្ឋាន បាន​សហការ​គ្នា​ដើរ​រើស និង​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ និង​ទីប្រជុំជន ជាពិសេស​នៅ​តាម​ដងផ្លូវ​ចាប់ពី​ចំណុច​ស្រុក​កែវ​សីមា រហូតមក​ដល់​ក្រុង​សែន​មនោ​រម្យ ដែល​ជា​ទី​រួម​ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​។​

​លោក​កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ថ្លែងឲ្យដឹងថា នៅ​១​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នឹង​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ហើយ​ក្នុង​ខេត្ត​មណ្ឌលគិរី នឹង​ត្រូវ​ទទួល​ភ្ញៀវ​ទេសច​រ​ចូល​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​សំខាន់ៗ​នៅក្នុង​ខេត្ត​នេះ​។

​លោក​បានឲ្យដឹង​ទៀតថា ដើម្បី​បង្កើត​សោភណភាព និង​សម្អាត​អនាម័យ មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើរ​រើស និង​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ ពី​ចំណុច​ចាប់​ពី​សាលាស្រុក​កែវ​សីមា រហូតដល់​ស្រុក​កោះ​ញែក និង​នៅ​ចំណុច​ឃុំ​ដាក់​ដាំ ព្រមទាំង​នៅក្នុង​តំបន់ការពារធម្មជាតិ ដែល​សម្បូរ​ទៅ​ដោយ​សម្រស់​ធម្មជាតិ ដើម្បី​សម្អាត​ភាពកខ្វក់ និង​ក្លិនស្អុយ​ដែល​បណ្ដាល​មកពី​កាកសំណល់​ផ្សេងៗ​។

​លោក​ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​អំពាវនាវ​សូម​កុំឲ្យ​ចោល​សំរាម​តាម​ដងផ្លូវ និង​ត្រូវ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​តម្លៃ​បរិស្ថាន​សម្រាប់​យើងទាំងអស់គ្នា​។ មិន​ខុស​ពី​មន្ត្រី​បរិស្ថាន មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រីនគរបាល​ស្រុក ក៏​បាន​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ នៃ​ខេត្ត​មណ្ឌលគិរី សូម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ និង​សូម​កុំ​ចោល​សំរាម​តាម​ដងផ្លូវ​សាធារណៈ ដែល​នាំឲ្យ​បាត់បង់​សោភណភា​ព និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​។

​ដោយឡែក​នៅ​ចំណុច​អណ្ដូង​ស្នេហ៍ ឋិត​ក្នុង​ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ក៏​មាន​ការ​ដើរ​រើស និង​ប្រមូល​សំរាម​ផងដែរ ដោយ​មាន​ការចូលរួម​ពី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន និង​បុគ្គលិក​ក្រុមហ៊ុន​មេហ្គា​ហ្វឺស បាន​ស្ម័គ្រចិត្ត​ដើរ​រើស​សំរាម​ដែល​រាយប៉ាយ​នៅ​តំបន់​ទេសចរណ៍​ឈ្មោះ​អណ្ដូង​ស្នេហ៍ ដែល​ជា​ទីតាំង​ទេសចរណ៍​មាន​ទេសភាព​ស្រស់ស្អាត​គួរ​ឲ្យ​ចង់​គយគន់​។

​បុគ្គលិក​នៃ​ក្រុមហ៊ុន​មេហ្គា​ហ្វឺស និង​មន្ត្រី​ស្រឡាញ់​បរិស្ថាន បាន​សំណូមពរ​ផងដែរ​ដល់​ភ្ញៀវទេសចរ សូម​កុំ​បោះ​សំរាម​ពាសវាល​ពាសកាល ដែល​បណ្ដាល​ឲ្យ​បាត់បង់​សោភណភា​ព​បែបនេះ ព្រោះ​ទីនេះ​(​អណ្ដូង​ស្នេហ៍​)​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែល​មិន​គួរ​មាន​សំរាម​រាយប៉ាយ​ឡើយ ព្រោះ​សំរាម ឆ្លុះបញ្ចាំង​ពី​ចំណេះដឹង មារយាទ និង​ការទទួលខុសត្រូវ​។​

​លោក​លី បូរ៉ា នាយករង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក៏​បាន​បំផុស​ចលនា​ដោយ​ការដើរ​សំរាម​នា​ថ្ងៃ​ជាមួយគ្នា​ផងដែរ ដោយ​មាន​ការ​ចូល​ពី​បុគ្គលិក​អង្គការ WWF និង​ប្រជា​សហគមន៍ ចាប់ពី​ចំណុច​ភូមិ​ដេ​អេ រហូតដល់​ស្នាក់ការ​អភិរក្ស​បរិស្ថាន​។​

​យ៉ាងណាក៏ដោយ ការ​ចោល​សំរាម មើលទៅ​ហាក់ដូចជា​រឿង​តូចតាច ប៉ុន្តែ​ទម្លាប់​នេះ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ចំណេះដឹង មារយាទ និង​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស ភាពថ្លៃថ្នូរ និង​សោភណភាព​របស់​ប្រទេស ព្រមទាំង​អាច​ជាន់ពន្លិច​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់ចំណូល​របស់​ជាតិ​ផងដែរ​។​

ជា​ដំណោះស្រាយ ការលុបបំបាត់​ការ​ចោល​សំរាម​ពាសវាល​ពាសកាល ត្រូវតែ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​ចាប់ផ្តើម​ពី​បុគ្គល​ម្នាក់ៗ និង​ពី​គ្រួសារ​តូចៗ​ទៅ​។ ដើម្បី​រួមចំណែក​ផ្លាស់ប្តូរ​មារយាទ​មិន​សូវ​ល្អ​នៃ​ការ​ចោល​សំរាម គឺ​ដល់​ពេល​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ត្រូវ​ចាប់ផ្តើម​គិតគូរ និង​អនុវត្ត​រឿង​តូចតាច​មួយ​នេះ ដើម្បី​សង្គមជាតិ​យើង​។ អ្នក​ដែល​ត្រូវ អនុវត្ត​មុនគេ​គឺ ឪពុកម្តាយ អាណាព្យាបាល ឬ​មនុស្ស​ចាស់ គ្រូបង្រៀន និង​អាជ្ញាធរ​។ ប្រសិនបើ​យើង​អាចអនុវត្ត​បាន​ទាំងអស់គ្នា នោះ​យើង​នឹង​អាច​លើកកម្ពស់​បរិស្ថាន និង​អនាម័យ​បាន​ហើយ ហើយ​ពិត​អាច​រួមចំណែក​កសាង​សោភណភាព​របស់​ប្រទេស​យើង​បាន​ទៀតផង​។ ប្រភព​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។ ខ្មែរ​អច្ឆរិយ​:

​កុំ​ភ្លេច​ណា​… សូម​កុំ​ចោល​សំរាម​តាម​ដងផ្លូវ​សាធារណៈ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com