ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​លោក ខៀវ កាញ៉ារីទ្ធ រំឭក​ប្រវត្តិ​នៃ​ការ​បង្កៃ​គ្រាប់បេ​៤០​ប៉ង​ធ្វើ​ឃាត​សម្តេច​តេជោ ហ៊ុន​សែន កាលពី​២០​មុន​!

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​លោក ខៀវ កាញ៉ារីទ្ធ រំឭក​ប្រវត្តិ​នៃ​ការ​បង្កៃ​គ្រាប់បេ​៤០​ប៉ង​ធ្វើ​ឃាត​សម្តេច​តេជោ ហ៊ុន​សែន កាលពី​២០​មុន​!

(​ភ្នំពេញ​)៖ «​សម្តេច​តេជោ​រំលឹក​ពី​ខួប​ទី​២០​នៃ​ការប៉ុនប៉ង​ធ្វើឃាត​នៅ​សៀមរាប​។ ខ្ញុំ​សូម​អនុញ្ញាត​រំឭក​រឿងនេះ ព្រោះ​កាល​នោះ​ខ្ញុំ​នៅ​ជាប់​នឹង​ការងារ​នេះ​។ បើ​និយាយ​រឿងនេះ ខ្ញុំ​នៅតែ​ព្រឺព្រួច​នឹកឃើញ​សំដី​លោក ជីវ តាក្វាន់ ពេលដែល​លោក​មក​ប្រទេស​ខ្មែរ​សម័យអង្គរ​។ នេះ​ជា​ការរៀបរាប់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ​។​

​លោក ខៀវ កាញ៉ារីទ្ធ បាន​លើកឡើង​ថា ពិតមែន​តែ​សម័យ​លោក ជីវ តាក្វាន់ មកដល់​ស្រុក​ខ្មែរ ប្រទេស​យើង​ចាប់ផ្តើម​ទន់ខ្សោយ​ខ្លះ​ហើយ​ក្តី ក៏​ប៉ុន្តែ​ចំណុច​មួយ​ដែល​លោក ជីវ​តាក្វាន់ កត់សំគាល់ គឺ «​ទេវតា​រក្សា​ស្រុក​នេះ​ខ្លាំង​ពូកែ​ណាស់​»​។​

​ថ្ងៃ ២៤ ខែ​កញ្ញា ១៩៩៨ គឺជា​ថ្ងៃ​ដែល​សម្តេចឪ​(​ព្រះ​បរម​រតន​កោដ្ឋ​)​កំណត់​ជា​ថ្ងៃ​គណបក្ស​ដែល​បាន​ទទួល​អាសនៈ​ក្នុង​សភា​ចូល​ប្រជុំ​នៅ​សៀមរាប និង​ទៅ​ស្បថ​នៅមុខ​អង្គរ ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញ៉ារីទ្ធ បាន​រៀបរាប់​ពី​ដំណើរ​នៃ​រឿង​របស់​សម្តេច​តេជោ ហ៊ុន សែន ទាំងស្រុង​ដូច​តទៅ​៖

«​យើង​ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​សៀមរាប​តាំងពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា (​សម័យ​នោះ មិន​មាន​ជើងយន្តហោះ​ច្រើន​ទេ ហើយ​ផ្លូវ​មិន​មាន​សុវត្ថិភាព ១០០% ដូច​ពេល​នេះ​ដែរ​)​។​

«​នៅ​រសៀល​ថ្ងៃ​ទី​២៣ សម្តេច​តេជោ នឹង​មកដល់​ជុំ​ជាមួយ​ពួក​យើង​ដែល​សំរាក​នៅ​សណ្ឋាគា​រលោក សៀង​ណាំ​។ តែ​នៅ​យប់​ថ្ងៃ​ទី​២២ កញ្ញា សម្តេច​តេ​ជោបាន​យល់ស​ប្តិ​ឃើញ​ព្រលឹង​ម្តាយ​របស់​លោក​មក​ប្រាប់ថា បើ​ទៅ​សៀមរាប​ត្រូវ​ទៅ​ដុត​ធូប​សុំ​សុខ​នៅ​វត្ត​ព្រះអង្គ​ខ្មៅ​។ សម្តេច​អត់​ស្គាល់​វត្ត​ព្រះអង្គ​ខ្មៅ​នៅ​ឯ​ណា​ទេ​!​។​

​លុះ​ព្រឹក​ថ្ងៃទី​២៣ លោក​បាន​អោយ​គេ​សួរ​ទើប​ដឹងថា វត្ត​ព្រះអង្គ​ខ្មៅ​នេះ​នៅក្នុង​អង្គរធំ តាម​ផ្លូវ​ទៅ​ប្រាសាទបាយ័ន​តែម្តង​។ នៅ​រសៀល​ថ្ងៃ​ទី​២៣ នោះ​សម្តេច និង​សមាជិក​ជាប់ឆ្នោត​ជា​សភា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់​បាន​ជិះ​រថយន្ត​ក្រុង​រួមគ្នា​មួយ (​រួម​ទាំង​ខ្ញុំ​ផង​) ទៅ​វត្ត​ព្រះអង្គ​ខ្មៅ​។​

​ក្រុម​អភិរក្ស​អង្គរ​បាន​អោយដឹងថា ហេតុ​បាន​ជា​វត្ត​នេះ​មាន​នាម​វត្ត​ព្រះអង្គ​ខ្មៅ​យ៉ាងនេះ ដោយ​ក្នុង​សម័យ​សង្គ្រាម​សាសនា​ក្រោយ​អង្គរ រ​រាង​ព្រហ្ម​ញ្ញ និង ពុទ្ធ​សាសនា គេ​បាន​ដុត​វត្ត​នេះ​រោលរាល​ទាំង​ព្រះ​បដិមា​ព្រះពុទ្ធ​ឡើង​ខ្មៅអ៊ូញ ទើប​គេ​អោយឈ្មោះ​វត្ត​នេះ​រហូត​មក​។​

​ក្រោយពី​ធ្វើការ​បន់ស្រន់​ហើយ សម្តេច​បាន​ចាក់​គម្ពីរ ត្រូវ​ត្រង់​ព្រះ​ពោធិសត្វ​ប្រសូត​នៅក្នុង​រាជវង្ស​តែ​ព្រះអង្គ​មិន​មាន​បន្ទូល​អី​ទាំងអស់ ដូចជា​គ​ថ្លង់ រហូត​ដល់​ព្រះ​បី​តា​ទ្រាំ​លែង​បាន​បញ្ជា​អោយ​យកទៅ​សំលាប់ចោល តែ​មិន​សុគត​។​

​គម្ពីរ​បានចែង​ថា «​មាន​ការលំបាក​មុន តែ​ចុងក្រោយ​ល្អ​ណាស់​» ។ សម្តេច​តេជោ បាន​មើលឃើញ​ការប្រជុំ​នៅ​ថ្ងៃស្អែក​ទី​២៤ កញ្ញា គឺ​មានន័យ​ដូច​គម្ពី​រថា «​ដល់​ក្រោយ​ល្អ​ណាស់​»​នោះឯង​។​

​នៅក្នុង​រថយន្ត​សម្តេច​សួរថា «​អ្នកណា​ចង់​ទៅ​ណា ទាន់​អញ​មាន​លុយ​?» (​សម្តេច​តែង​មាន​ទំលាប់​និយាយ​ជាមួយ​ពួក​ខ្ញុំ​អញ​) ខ្ញុំ​បាន​តប​ថា «​បង​ជា​នាយករដ្ឋមន្ត្រី​នៅ​តែ​មួយ​កន្លែង​ទៅ លុយ​ទុក​អោយ​ខ្ញុំ​ដើរ​ចាយ​វិញ​» ។ នៅ​យប់​នេះ ចាប់ពី​ពេល​អធ្រាត្រ​ទៅ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​រហូត​ដល់​ភ្លឺ ។ គឺ​ភ្លៀង​នោះ​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សម្តេច​តេជោ​។​

​ភ្លៀង​ធ្លាក់​ជោគជាំ​រហូតដល់​ម៉ោង​៦​ព្រឹក​ទើប​ដាច់ ។ ខ្ញុំ​ក៏​ចេញ​ទៅ​ស្រស់ស្រូប​នៅ​ភោជនីយដ្ឋាន «​បន្ទាយស្រី​» ដោយ​យក​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​ស្ទើរ​ទាំងអស់​ទៅ​ជាមួយ (​ខ្ញុំ​ចាំ​ថា នៅ​ព្រឹក​នោះ​អស់​៩០​ដុល្លារ​)​។​

​ស្រស់ស្រូប​ស្ទើរ​មិនទាន់​ចប់​ផង​ភ្លៀង​ចាប់ផ្តើម​បង្អុរ​យ៉ាងខ្លាំង​មកទៀត (​នៅ​ម៉ោង​ជិត ៧)​។ ពួកយើង​ប្រញាប់​រូតរះ​មក​សណ្ឋាគារ​វិញ ហើយ​ចាប់ផ្តើម​ស្លៀក​ក្បិន (​មាន​ក្រុម​ខាង​វិចិត្រសិល្បៈ​មកពី​ភ្នំពេញ​ជួយ​ចងក្បិន​យើង​)​។​

​តាម​ការរៀបចំ សម្តេច​ត្រូវ​ទៅដល់​ព្រះរាជដំណាក់​មុនគេ ហេតុ​នេះ​យើង​ត្រូវ​ចេញ​មុន​គណបក្ស​នានា (​មុន​ទាំង​សម្តេច ជា ស៊ីម ជា​ប្រធាន​បក្ស​ទៅទៀត​)​។ សម្ត​ច​ជិះ​រថយន្ត​ទី​២​បន្ទាប់​ពី​ឡាន​នាំមុខ ហើយ​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល ជិះ​រថយន្ត​តូច​បន្ត​។​

​ពួក​ខ្ញុំ​ជិះឡាន មី​នី​វ៉ាន់ ប​ន្ព​ពីក្រោយ​ឡានតូច​។ ដោយ​ខ្ញុំ​ចង់​ថតរូប​បាន​ល្អ​ផង ខ្ញុំ​ក៏​ទៅ​អង្គុយ​មុខ​គេ​ជាប់​អ្នក​បើក​ឡាន (​ឡាន​ចង្កូត​ស្តាំ​កាលនោះ​) ហេតុ​នេះ​ខ្ញុំ​អង្គុយ​ខ្ពស់​ជាង​ឡានតូចៗ​ដែល​នៅ​មុខ​។ យើង​អង្គុយ​ជជែក​គ្នា​សើច​លេង​ពេញ​រថយន្ត ស្រាប់តែ​ឮសូរ​ក្ឌាំង​។​

​ខ្ញុំ​សំលឹង​មើល​ទៅ​មុខ ឃើញ​ផ្សែង​ខៀវ​ពណ៌​ពង​ក្រសារ​មួយ​ដុំ​ក្រាស់​នៅ​ខាងស្តាំ​ដៃ តែ​មិន​ដឹង​មានរឿង​អី​ទេ​។ អង្គរក្ស​នៅ​អង្គុយ​ជាមួយ​សម្តេច​ប្រាប់​ខ្ញុំ​ថា នៅពេល​នោះ​សម្តេច​កំពុង​អោន​ជូត​វ៉ែនតា ហើយ​បន្ទាប់ពី​នោះ​ភ្លាម លោក​សួរ​ថា មានអី​គេ​ណឹង​? ទាំងអស់គ្នា អត់​ដឹង​ថា ជា​អី​ទាំងអស់ (​ព្រោះ​គ្មាន​អ្នក​ណា​មើលឃើញ​គ្រាប់​រត់​កាត់​ពីលើ​កា​ប៉ូ​ឡាន​ទាន់​ទេ​)​។​

​ក្បួន​ចេះតែ​បន្តដំណើរ​ទៅ​! ។ ពេល​ឡាន​ខ្ញុំ​មក​ដល់​កន្លែង​បាញ់​នេះ ក៏​អត់​ចាប់ភ្លឹក​អី​ដែរ ព្រោះ​មិន​បាន​មើល​ទៅ​ផ្ទះ​ដែល​ខូចខាត​នៅ​ឆ្វេង​ដៃ (​ហើយ​បើ​ឃើញ​ខូចខាត ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​សម័យ​នោះ​មិន​មាន​ផ្ទះ​ថ្មី​ទេ​) ។​

​ដោយ​ឃើញ​ម្តុំនោះ មាន​កន្លែង​ប៉ះ​កង់​ជាច្រើន​រួម​ទាំង​បំពង់ខ្យល់​ផង ខ្ញុំ​ក៏​គិតថា ជា​ការផ្ទុះ​បំពង់ខ្យល់ ហើយ​ក៏​និយាយ​លេង​ប្រាប់​គ្នា​ថា «​ពី​សម័យមុន តែ​ផ្ទុះ​បែប​នេះ​ច្បាស់​ជា​កំបុត ក ហើយ​!» ។​

​ក្បួន​យើង​ទៅដល់​ព្រះរាជដំណាក់ ដោយ​មាន​ការទទួល​តា​ម​ពិធីការ ហើយ​ពួក​យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ត្រូវ​គេ​ដាក់​អោយ​អង្គុយ​តាម​កន្លែង​ទៅ​តាម​អាយុ ។ សម្តេច ស ខេង មាន​អាយុ​ស្មើ​ខ្ញុំ​ហេតុ​នេះ​នៅ​អង្គុយ​ជាប់​ជាមួយ​ខ្ញុំ​។​

​ក្នុង​សម័យប្រជុំ​ទី​មួយ​សភា ប្រធាន​បក្ស​នានា​ដែល​មាន​អាសនៈ​ក្នុង​សភា អង្គុយ​កៅអី​ជួរ​មុខ​ទាំងអស់គ្នា​។ នៅពេល​នោះ​ទើប​សម្តេច ស ខេង (​នៅ​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​) បាន​ទទួល​ទូរ​សព្ទ​មក​ថា មានការ​បង្កៃ​គ្រាប់បេ​៤០ បួន​គ្រាប់​លាក់​ក្នុង​គុម្ព​ផ្កាក្រដាស​អម​ផ្លូវ ហើយ​បញ្ជា​ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​។​

​សំណាង​ដោយសារ​យប់នោះ​មាន​ភ្លៀង​ធ្វើអោយ​សើម​ប្រពន្ធ័ត​ខ្សែ​ទើប ផ្ទុះ​តែ​មួយ​គ្រាប់​ខាងដើម បើ​ផ្ទុះ​ទាំង​៤​គ្រាប់​សម្តេច​តេជោ​គ្មាន​សល់​អី​ទេ (​រថយន្ត​លោក​ជិះ​ជា​រថយន្ត Land Cruiser ធម្មតា មិនមែន​ពាស​ដែក​ទេ​)​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com