ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តសៀមរាប

ចេញផ្សាយថ្ងៃសុក្រទី២រោចខែចេត្រឆ្នាំខាលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទី ៧មេសា        ឆ្នាំ២០២៣!

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង៧០គ្រួសារនៅស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា!!

ខេត្តសៀមរាប៖
នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន៧៤គ្រួសារ ក្នុងនោះ រលំផ្ទះចំនួន១១ខ្នង , របើកដំបូលផ្ទះចំនួន ៦៣ខ្នង និង អ្នករងរបួសស្រាលចំនួន ២នាក់ រួមមាន ៖ ឃុំគោកធ្លកក្រោម រលំផ្ទះចំនួន៣ខ្នង របើកដំបូលផ្ទះ ចំនួន២៥ខ្នង និង របួសមនុស្សស្រាលចំនួន១នាក់ ដោយសាររន្ទះ , ឃុំសង្វើយ រលំផ្ទះចំនួន៧ខ្នង របើកដំបូលផ្ទះ ចំនួន២៩ខ្នង , ឃុំខ្វាវ រលំផ្ទះចំនួន១ខ្នង និង របួសមនុស្សស្រាលចំនួន១នាក់ ដោយសារឈើសង្កត់ជើង , ឃុំពង្រក្រោម៖ របើកដំបូលផ្ទះ ចំនួន១ខ្នង និង ឃុំល្វែងឫស្សី របើកដំបូលផ្ទះ ចំនួន៨ខ្នង ។
មានប្រសាសន៍នាឱកាសនោះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងបង្កឱ្យមានរបួសទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។
លោកឧកញ៉ាបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកឧកញ៉ាក៏បានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗក្នុងរដូវនេះ ព្រមទាំងបានអំពាវនាវសូមបងប្អូនដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា និង អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាតទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់ជូននាពេលនេះ ក្នុងនោះ ៖ គ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១៥ម៉ឺនរៀល , គ្រួសាររបើកដំបូលផ្ទះ ក្នុងមួយគ្រួសារទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល និង ជនរងគ្រោះរបួសស្រាល ក្នុងមួយនាក់ទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕
អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net

@-ការិយាល័យនិពន្ឋនាយក

០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com