ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្ដេច ស ខេង បញ្ជា​ឱ្យ​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស

​សម្ដេច ស ខេង បញ្ជា​ឱ្យ​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ដល់​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស បន្ទាប់​ពី​លេចឡើង​នូវ​សកម្មភាព​មិន​ប្រក្រតី​មួយចំនួន​។​

​អង្គភាព​ចំនួន​៤​នោះ​រួមមាន​៖ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​រ​បាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុម​អ្នកច្បាប់​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ​។​

​យ៉ាងណាក៏ដោយ បទល្មើស​ជា​បន្តបន្ទាប់​ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន ក៏​ត្រូវបាន​កម្លាំង​នគរបាល និង​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ បាននិងកំពុង​បង្ក្រាប រហូត​មាន​ចាប់ខ្លួន​ជនល្មើស បាន​ជាច្រើន​ផងដែរ​។​

​ការ​ដាក់​បញ្ជា​របស់​ស​ម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម បាន​ថ្លែងថា នៅ​ខេត្ត​ព្រះសីហនុ កំពុងតែ​មាន​សកម្មភាព​ជួញដូរ ការអភិវឌ្ឍ ហើយក៏​មាន​ភ្ញៀវ​ទេសចរណ៍ ច្រើន​នៅ​ទីនោះ​ដែរ ដែល​មក​យ៉ាងគំហុក​គួរឲ្យកត់សម្គាល់​។ រយៈពេល​ខ្លី​ចុងក្រោយ​នេះ ភ្ញៀវ​ទេសចរ​បាន​សម្រុក​ទៅលេង ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន ជាពិសេស​ជនបរទេស ក្នុងនោះ​ជនជាតិ​ចិន​តែម្តង​។​

​សម្ដេច ស ខេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ធម្មតា​ទេ​ថា​ជនជាតិ​ណាក៏ដោយ ជាតិ​សាសន៍​ណាក៏ដោយ វា​តែងតែ​មាន​អ្នក​ល្អ អ្នក​អាក្រក់ ហើយ​ក្នុង​ពេល​ដែល​ស្ថានភាព​នៅ​ទីនោះ មិនទាន់​បាន​រៀបចំ​ស្រួល ឲ្យបាន​សមស្រប​នៅឡើយ​ទេ អញ្ចឹង​បង្កើត​នូវ​បញ្ហា​មួយចំនួន ដូច​ជា​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន បញ្ហា​បរិស្ថាន​អនាម័យ​។ យើង​ដឹង​ហើយ​ថា ទឹកសមុទ្រ​ដែល​ជាទី​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ ប្រសិនបើ​យើង​មិន​បាន​យកចិត្តទុកដាក់ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទេ វា​អាច​ធ្វើឲ្យ​ទឹកសមុទ្រ​ក្លាយ​ជា​សមុទ្រ​ដល់​ប្រើ​មិន​កើត​។ នេះ​ជា​ការបារម្ភ​របស់​យើង​»​។​

​បើ​តាម​សម្តេច​រដ្ឋមន្ត្រី ក្នុង​តួនាទី​របស់​ក្រសួងមហាផ្ទៃ សម្តេច​បាន​ចាត់​ស្នើ​ឲ្យមាន​ក្រុម​ចុះ​អង្កេត​ម្តង​ហើយ ដើម្បី​ចុះ​ស្រាវជ្រាវ នៅ​ខេត្ត​ព្រះសីហនុ​នេះ​។ ជាមួយគ្នានេះ ក៏​មាន​ការអំពាវនាវ​ពី​អន្តរក្រសួង ដោយ​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ឯកភាព ប្រគល់​ភារកិច្ច ឲ្យ​ក្រសួង​-​ស្ថាប័ន​នីមួយៗ ធ្វើ​តាម​តួនាទី​ភារកិច្ច របស់​ខ្លួន​ផង​ដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់បន្ថែម​ថា «​ប៉ុន្តែ​សម្រាប់​ក្រសួងមហាផ្ទៃ ដែល​មាន​ការទទួលខុសត្រូវ​ច្រើន អញ្ចឹង​ស្នើថា យើង​នឹង​រៀបចំ​ក្រុមការងារ​ខ្លា​មួយ ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ក្នុងនោះ ខ្ញុំ​គិតថា​មាន​អគ្គនាយកដ្ឋាន​៤ ដែល​ដើរតួ អគ្គ​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេសន៍ ហើយ​និង​ក្រុមអ្នកច្បាប់​។ រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ក្រុម​ប្រតិបត្តិការ ឬក៏​ក្រុមគាំទ្រ​។ ប៉ុន្តែ​មិនមែន​ថា​ក្រុមគាំទ្រ​ទៅ​ធ្វើ​ជំនួស​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ទេ ក៏​ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ នូវ​បញ្ហា​ទាំងឡាយណា​ដែល​ខេត្ត​មិន​មាន​លទ្ធភាព រាល់​ទាំង​ការបង្ក្រាប​បទល្មើស ទៅ​នោះ​ផង​»​។​

​សូមបញ្ជាក់​ថា នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ បទល្មើស​ចុងក្រោយ​ដែល​បាន​កើតឡើង ហើយ​ត្រូវបាន​កម្លាំង​នគរបាល​បង្ក្រាប​ទាន់​ពេលវេលា​នោះ គឺ​ការចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើ​ទារុណកម្ម ដែល​បង្ក​ដោយ​ជនជាតិ​ចិន​គ្នាឯង​។ ក្នុង​នោះ​កម្លាំង​នគរបាល​បាន​រំដោះ​ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់ និង​ចាប់​ជនល្មើស​ចំនួន​៤​នាក់ ជា​ជនជាតិ​ចិន​។​

​ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com