ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា កំពុង​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​តាម​ក្រុមហ៊ុន និង​ទីតាំង​ស្តុក​ឈើ​-​មធ្យោបាយ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឡាវ​-​វៀតណាម​!!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា កំពុង​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​តាម​ក្រុមហ៊ុន និង​ទីតាំង​ស្តុក​ឈើ​-​មធ្យោបាយ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឡាវ​-​វៀតណាម​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​៥​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ សីហា ឆ្នាំ ២០១៩!

​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាននិងកំពុង​ដឹកនាំ​មន្ត្រី នៃ​គណៈកម្មាការ​ជាច្រើន​នាក់ ចុះ​ពិនិត្យ​តាម​ក្រុមហ៊ុន និង​ទីតាំង​ស្តុក​ឈើ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឡាវ​-​វៀតណាម ដោយ​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​នៅ​ព្រឹក​ថ្ងៃនេះ​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ក្រុមមន្ត្រី បាន​ចុះទៅពិនិត្យ​នៅ​មូលដ្ឋាន​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មុន​បន្តដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​រួមមាន ខេត្ត​ក្រចេះ ខេត្ត​រតនគីរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង​ជាដើម​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា នាយ​ឧត្តមសេនីយ៍ សៅ សុខា បានចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​តាម​ក្រុមហ៊ុន និង​កន្លែង​សន្និធិ​ឈើ ព្រមទាំង​មធ្យោបាយ ដោយ​មុនដំបូង​ធ្វើឡើង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​រកឲ្យឃើញ​ថា តើ​ទីតាំង​ស្តុក​ឈើ​ទាំងនេះ មាន​ច្បាប់​ត្រឹមត្រូវ និង​ធ្វើ​ទៅ​តាម​ច្បាប់​ដែរឬទេ​? បើសិន​រកឃើញថា មិនមាន​ច្បាប់​ត្រឹមត្រូវ និង​ដំណើរការ​ខុសច្បាប់​នោះ នឹង​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ជាក់ស្តែង​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​នេះ យើង​ចុះ​មើល​កន្លែង​សន្និធិ​នៅ​ស្រុក​មេមត់​ចំនួន ៥​កន្លែង ហើយ​ពេល​ថ្ងៃ យើង​បន្ត​ទៅ​ស្រុក​ស្នួល ខេត្តក្រចេះ​មើល ៩​កន្លែង​ទៀត និង​មើល​ច្រក​ផ្សេងៗ ដែល​ពួកគាត់​ធ្លាប់​នាំ​ឈើ​ចេញ​នោះ គឺ​យើង​នឹង​មើល​ទាំងអស់ ដើម្បី​ឲ្យ​មន្ត្រី​នៅ​ក្នុង​អន្តរក្រសួង​ដែល​អញ្ជើញ​មកនេះ បាន​វាយតម្លៃ​ពី​ភាពខ្វះ​ចន្លោះ និង​ត្រូវ​ទប់ស្កាត់​បន្តទៀត ដើម្បី​យើង​រក្សា​ឈើ​យើង​ហ្នឹង​»​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ត្រី ក៏​បាន​បន្ថែម​ផងដែរ​ថា បន្ទាប់មក នាយ​ឧត្តមសេនីយ៍ សៅ សុខា នឹង​បន្ត​ចុះ​ពិនិត្យ​នៅ​ខេត្ត​មណ្ឌលគិរី ជា​កន្លែង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ ដើម្បីឲ្យ​ក្រុមការងារ​វាយតម្លៃ រួច​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល សុំ​គោលការណ៍​បន្ត បើ​ខុស​នឹង​លុប​ចោល​តែ​ម្តង គោលបំណង​រក្សា​ព្រៃឈើ​របស់​យើង​។​

​សូមបញ្ជាក់​ថា ចាប់ផ្តើម​ពី​បញ្ចេញ​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក លើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​មក​នោះ មនុស្ស​មួយចំនួន​ទាំង​មន្ត្រីរាជការ និង​ឈ្មួញ​ឈើ ត្រូវបាន​ចាប់ខ្លួន ហើយ​ឈើ​ជាច្រើន​ម៉ែត្រគូប​ត្រូវបាន​រឹបអូស ខណៈ​មធ្យោបាយ (​ជា​ពិសេស​រថយន្ត​បា​កុង និង​ម៉ូតូ​កែច្នៃ​) ជាច្រើន​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញចោល​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​នា​ដំណាក់កាល​ចុងក្រោយ​នេះ ឲ្យខាងតែបាន ដើម្បី​ទុក​ជូន​ក្មេងជំនាន់ក្រោយ និង​បាន​ដាក់បទបញ្ជា​ដក​គ្រវាត់ចោល​លើ​មន្ដ្រី​អាវុធហត្ថ​ទាំងឡាយណា ទោះ​មាន​បុណ្យស័ក្ដិ​ខ្ពស់​ប៉ុណ្ណា បើសិន​រកឃើញ​នៅ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជាមួយ​ក្រុម​ឈ្មួញ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​បញ្ជា​ឲ្យ​សមាជិក និង​មន្ដ្រី​ទាំងអស់​នៅក្នុង​គណៈកម្មការ​ជាតិ​របស់​ខ្លួន​កត់​ឈ្មោះ អ្នក​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​របស់​ជាតិ ទៅ​បន្លាច​សមត្ថកិច្ច ដើម្បី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បុគ្គល​ទាំងឡាយណា បូក​រួម​ទាំង​ជនបរទេស​ដែល​បាន​ជះ​លុយ​ឲ្យមក​កាប់​ឈើ​នៅលើ​ទឹកដី​ខ្មែរ ដែល​ជាប់​ពាក់ព័ន្ធ​បើទោះបី​លាក់ខ្លួន​នៅក្នុង​ប្រទេស ឬ​គេច​ទៅកាន់​បរទេស​ក៏​ដោយ​នោះ​។​

​នៅក្នុង​សារ​សំឡេង​ដែល​ផ្ញើ​ជូន​សមាជិក​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្ញើ​សារ​យ៉ាង​ម៉ឺងម៉ាត់​ដូច្នេះ​ថា «​សរុបសេចក្ដី​មក​ត្រឹមត្រូវ ការពារ​ដាច់​ក្បាល​ចោល ខុស​ប្រឆាំង​ដាច់ខាត​កាត់​ក្បាល​ក្រ​វ័ត​ចោល អស់​អាយុជីវិត​ក៏​ធ្វើ​ដែរ ដើម្បី​ព្រៃឈើ​នៅ​សេសសល់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺ​មាន​តម្លៃ ហើយ​សូម​គ្រប់​ខេត្ត​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ការងារ​នេះ​ឲ្យបាន​ច្បាស់​។ អាវុធហត្ថ​ណា​ដែល​ប្រើ​ឲ្យទៅ​ធ្វើ​ការងារ បែរ​ជា​ឆ្លៀតឱកាស​ទៅ​ផ្សំគំនិត​ជាមួយ​គេ​យកលុយ ខ្ញុំ​រកឃើញ​គឺ​មុន​គេ​បំផុត​អនុវត្ត​វិន័យ​ទូទៅ​នៃ​កងយោធពល​ខេមរភូមិន្ទ បើ​ជា​បទល្មើស ត្រូវ​បញ្ជូន​ទៅ​តុលាការ​…​ហើយ​រហូត​មក​ដល់​ម៉ោង​នេះ គ្មាន​ទេ​ពាក្យ​ថា ខ្លាច និង​គ្មាន​ទេ​ពាក្យ​ថា ចាញ់ ដែល​ពាក្យ​ទាំង​ពីរ​ម៉ាត់​នេះ មិន​ត្រូវ​យកមក​ប្រើ​ទៀត​នោះឡើយ​»​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ផ្ញើ​សារ​ជូន​មន្ដ្រី​របស់​ខ្លួន បើ​ស្ទាក់ស្ទើរ​ក្នុងការ​ភារកិច្ច​នេះ សូម​សរសេរ​លិខិត​មក​ដើម្បី​លោក​ស្នើសុំ​ទៅ ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ពិជ័យ​សេនា ទៀត បាញ់ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការពារជាតិ ដើម្បី​សុំ​បញ្ឈប់​តំណែង​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com